អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១-២៩ មិថុនា ២០២១) ដែលបានបង្ហាញនូវសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានគយសម្រេចបាន តាមរយៈការដាក់ចេញ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ ពិធីនេះ បានធ្វើឡើងនៅទីចាត់ការកណ្តាល និងនៅគ្រប់អង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃអង្គារ ០៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ការរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នេះ គឺដើម្បីរម្លឹកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គ បានបង្កើតរដ្ឋបាលគយកម្ពុជា បំបែកចេញពីសហភាពគយឥណ្ឌូចិន ក្នុងសម័យអាណានិគមបារាំង តាមព្រះរាជក្រមលេខ ៦៦១ នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ កាលពី៧០ ឆ្នាំមុន។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចបាននាពេលថ្មីៗនេះ តាមរយៈការដាក់ចេញ និង ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយ, យុទ្ធ សាស្រ្តអនុលោមភាពនិងការអនុវត្តច្បាប់, យុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, ផែនការសកម្មភាពប្រចាំឆ្នាំ និងការកែលម្អលិខិតបទដ្ឋានគតិយុត្តិ ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច សង្គម ប្រព័ន្ធបច្ចេកវិទ្យា បរិយាកាសធុរកិច្ច និងការអនុវត្តល្អជាអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៏បានរម្លឹកនូវគុណបំណាច់របស់មន្ត្រីគយជំនាន់មុនៗ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏ថ្លៃថ្លា ជាដើមទុនសម្រាប់រដ្ឋបាលគយកម្ពុជា ក្នុងការអភិវឌ្ឍខ្លួនបានរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ ថ្វីត្បិតមិនបានអញ្ជើញចូលរួមដោយផ្ទាល់ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ តាមរយៈសារលិខិតជូនពរដល់មន្ត្រីគយ និងរដ្ឋាករទាំងអស់ ប្រកបដោយ អត្ថន័យដ៏ជ្រាលជ្រៅ។

ក្នុងសារលិខិតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកររដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងស្មារតីលះបង់របស់ មន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ លើគ្រប់ការដ្ឋានការងារ ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម, ការធ្វើទំនើបកម្មនិងសាមញ្ញកម្ម នីតិវិធីគយតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការងារប្រមូលចំណូល ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅនក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសរំលេចផងដែរនូវសូចនាករកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់កម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងភាពជោគជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុង បរិបទស្ថិរភាពនយោបាយ សុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃគោលនយោ បាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជបូជនិយកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” ក្នុងការទាមទារឯករាជ្យជូនជាតិ និងបង្កើតរដ្ឋបាលគយកម្ពុជាកាល ពី៧០ឆ្នាំមុន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការ ខិតខំ ប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុង ការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព លើការកៀរគរចំណូល និងការកែលម្អបរិយាកាសធុរកិច្ចប្រកបដោយសមធម៌ ព្រមទាំងយកចិត្តទុកដាក់អនុវត្តន៍ គោលនយោបាយនិងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវផ្លែផ្កាល្អ ប្រសើរជាបន្តបន្ទាប់។ ទន្ទឹមនេះ សម្តេចតេជោបានសម្តែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ គាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពមនុស្សធម៌នានា នាពេលកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញបេស កកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗ ក្នុងការប្រមូលចំណូលជូនរដ្ឋ ការលើកកម្ពស់ ភាពប្រកួតប្រជែងកម្ពុជា និងការធានាបាននូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ៕

  ប្រភព៖ អគ្គនាយកដ្ឋានគយ សម្រួលផ្សាយ៖គេហទំព័រ និសិត្សខ្មែរ

Comments (0)

Post a Comment