អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) បានអញ្ជើញធ្វើជាសហប្រធានជាមួយសមភាគីជប៉ុន ដឹកនាំសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ នៅថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

សន្និសីទនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូន (STOM Leaders) របស់បណ្តាប្រទេសអាស៊ានទាំងអស់ ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូនរបស់ជប៉ុន និងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែកអ្នកចូលរួមពីប្រទេសកម្ពុជា រួមមាន៖ អង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

គួរឱ្យដឹងផងដែរថា សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី១៩ គឺជាកិច្ចប្រជុំប្រចាំឆ្នាំដែលស្នើឡើងដោយភាគីជប៉ុន ក្នុងគោលបំណងសំខាន់ គឺដើម្បី (១) ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃភាពជាដៃគូក្នុងវិស័យដឹកជញ្ជូន រវាងអាស៊ាន-ជប៉ុន AJTP (ASEAN-Japan Transport Partnership Work Plan 2020-2021) ។ (២) ការលើកទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តន៍ក្នុងឆមាសទី២ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២ ហើយផែនការសកម្មភាពទាំងនេះ នឹងដាក់ឆ្លងសុំការអនុម័តជាផ្លូវការពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី១៩ (19th ATM-Japan) ដែលប្រទេសកម្ពុជាធ្វើជាប្រធាននៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

នៅក្នុងសន្និសីទនេះដែរ បានពិនិត្យទៅលើការងារសំខាន់ៗចំនួន៣ ដែលបានស្នើឡើងដោយប្រទេសជប៉ុន គឺ (១) របាយការណ៍ទស្សនទានដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់ (the Report under Proof of Concept on ICT Solution for Overloaded Vehicle Control) ។ (២) គោលការណ៍ណែនាំស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្មសម្រាប់ខ្សែច្រវាក់ភស្តុភារកម្មត្រជាក់ ក្នុងក្របខ័ណ្ឌអាស៊ាន -ជប៉ុន (ASEAN-Japan Guidelines of Certifications Audits for Cold Chain Logistics) ។ (៣) ការប្រើប្រាស់ទិន្នន័យធំសម្រាប់កែលម្អនូវការបន្លាស់ទី (Utilization of Big Data to Improve Mobility)។

ក្រោយពីបានពិនិត្យពិភាក្សាគ្នាយ៉ាងលម្អិត ដោយយល់ថា ការងារសំខាន់ៗទាំង៣ ខាងលើនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ។ ជាលទ្ធផល អង្គសន្និសីទបានឯកភាពជាគោលការណ៍ឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗ ទាំង៣ខាងលើ ហើយលទ្ធផលនៃការសិក្សានេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី១៩ ដែលកម្ពុជាធ្វើជាប្រធានទាំងពីរកិច្ចប្រជុំនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕


Comments (0)

Post a Comment