ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:


កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានឧបត្ថម្ភឱសថបុរាណចិនលៀនហ័រ គីងវិន ចំនួន ២៥កេស ស្មើនឹង ១០,០០០(ដប់ពាន់)ប្រអប់ ដល់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃនេះ។


ដូចសព្វមួយដងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី តែងតែបានយកចិត្តទុកដាក់ខ្ពស់ នៅគ្រប់កាលៈទេសៈក្នុងការឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងធនធានផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្ត ។ កាយវិការដ៏ប្រពៃជាទីគោរពដ៏ខ្ពង់ខ្ពស់នេះ បានបង្ហាញអំពីសមានចិត្តដ៏មហាសប្បុរស ក្នុងការជួយគាំទ្រ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួម និងពង្រឹងការអនុវត្តនូវរាល់បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ននានា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ កាយវិការដ៏មហាសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្តជារៀងរហូត។ 


ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល នូវអង្ករចំនួន ១០០តោន ទឹកសុទ្ធចំនួន ២,០០០កេស មីជាតិ ៦,០០០កេស, ត្រីខកំប៉ុង ៣,២៥០យួរ ទឹកត្រី ៧,៧៥៩យួរ, ទឹកស៊ីអ៊ីវចំនួន ២,០០០យួរ, ម៉ាស់ ១០,០០០បន្ទះ, សាប៊ូលាងដៃ ៥,០០០ដប ឱសថបុរាណចិនលៀនហ័រគីងវិនចំនួន ១៦,០០០ប្រអប់ និងថវិកាចំនួន ២០០,០០០,០០០រៀល (ពីររយលានរៀល)។


ជាថ្មីម្តងទៀត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា អភិបាលប្រោះព្រំ  និងប្រសិទ្ធិពរជ័យសិរីមង្គលបវរមហាប្រសើរឧត្តង្គឧត្តមជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ សូមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Comments (0)

Post a Comment