អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ MC. រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមបើកឱ្យដំណើរការ ការបង្រៀន និងរៀនជាបណ្ដុំឡើងវិញនៅតាមគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន ដែល មានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អនុវត្ត

តាមប្រកាសក្រសួងអប់រំយុវជននិងកីឡា ស្តីពីការបើកដំណើរការសាលារៀនឡើងវិញ នៅតំបន់ដែលមានហានិភ័យទាបនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានសម្រេចអនុញ្ញាត ឲ្យមានការបើកដំណើរការសាលារៀនជំហានទី១ ចំនួន១០៩សាលាឡើងវិញ ក្នុងចំណោមសាលារដ្ឋសរុបចំនួន ២៥៧សាលា រួមមានថ្នាក់ទី៦ ទី៩ និងទី១២ ដែលត្រូវអនុវត្តកម្មវិធីសិក្សាសំខាន់ៗដែលក្រសួងអប់រំបានកំណត់។

លោកបន្តថា ការបើកឲ្យដំណើរការសាលារៀននេះដែរ ត្រូវបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កម្ដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហើយទន្ទឹមគ្នានេះសាលារៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារ និងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កម្ដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ ហើយសាលារៀនក៏បែងចែកវេន និងកំណត់ចំនួនសិស្សចូលមកសិក្សាមិនឱ្យលើសពី១៥នាក់ឡើយ។

លោកបន្តទៀត ចំពោះជំហានទី២វិញក្រុមការងារខេត្ត គ្រោងនឹងអនុញ្ញាតឱ្យបើកដំណើរការ សាលារៀនចំនួនប្រមាណ ៣០សាលាបន្ថែមទៀតជាកម្រិត បឋមសិក្សា នៅក្នុងក្រុងសំរោង និងការបើកដំណើរការនៅតាមបណ្តាស្រុកមួយចំនួនទៀត ដែលរដ្ឋបាលស្រុកនីមួយៗបាន ពិនិត្យវាយតម្លៃពីហានិភ័យ និងបានស្នើសុំមកមន្ទីរអប់រំយុវជននិងកីឡា។

លោក​បញ្ជាក់ថា​ ១០៩សាលានេះ គឺយើងដំណើរការកម្រិតមធ្យមសិក្សាថ្នាក់ទី១២ និងថ្នាក់ទី០៩ ហើយបឋមយើងរៀនថ្នាក់ទី០៦ គោលដៅឯកឧត្តមអភិបាលខេត្តណែនាំឱ្យអាជ្ញាធរស្រុកវាយតម្លៃ ទៅលើស្ថានភាពដែល មានហានិភ័យទាប តាមសេចក្តីណែនាំលេខ៤៦ ហើយកំណត់គោលដៅសាលាដែលអាចបើក បាន បើកបានកម្រិតយ៉ាងម៉េចគឺស្រុកជាអ្នកស្នើសុំមក ដោយមានការឯកភាពជាមួយអាជ្ញាធរឃុំ ស្រុក ជាមួយនាយកសាលា ជាគោលការណ៍មួយថ្នាក់រៀនយើងរៀន១៥នាក់ចុះ ហើយមុខវិជ្ជាយើងរៀនតាមកម្មវិធីបំព្រួញតាមកម្មវិធីដែលក្រសួងបានណែនាំ ផ្តោតទៅលើមុខវិជ្ជាសំខាន់ ដំណើរការថ្នាក់ទី១២ និងទី០៩ ផ្តោតទៅលើមុខវិជ្ជាដែលប្រឡងថ្នាក់ទី០៩មាន១០មុខវិជ្ជា ថ្នាក់ទី១២ផ្តោតសំខាន់ទៅលើ០៧មុខវិជ្ជា។

សូមជម្រាបផងដែរថា ដំណើរការបើកសាលារៀនឡើងវិញទូទាំងប្រទេស អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយ សម្តេចតេជោ បានណែនាំ ឯកឧត្តម ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឱ្យជួបពិភាក្សាជាមួយ អភិបាលរាជធានីខេត្តពាក់ព័ន្ធ ដើម្បីដំណើរការបើកសាលារៀនឡើងវិញ គ្រប់កម្រិតនៅតាមតំបន់ដែលគ្មានការឆ្លងឬតំបន់ដែលមានហានិភ័យទាបនៃជំងឺកូវីដ១៩៕


Comments (0)

Post a Comment