អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 កណ្តាល: ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

នៅថ្ងៃ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារ ផ្តោតលើការថែទាំជំនួស និងអំពើហិង្សាក្នុងគ្រួសារលើកុមារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។

លោកស្រី នួន នារតី មានប្រសាសន៍ថា គោលបំណងក្នុងកិច្ចប្រជុំនេះ គឺធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន ក្នុងរយៈពេលត្រីមាសទី៣ ឆ្នាំ២០២១ និង លើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១ ព្រមទាំងពិនិត្យ ពិភាក្សារកដំណោះស្រាយពីបញ្ហាប្រឈមដែលកើតមាន និងកំណត់សកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត ។

លោកស្រីបន្តថា ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានភារកិច្ចសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់ដល់មន្ត្រីអធិការកិច្ចនៃរដ្ឋបាលក្រុង-ស្រុក ក្នុងការធ្វើអធិការកិច្ចកំណើនថែទាំកុមារទាំងអស់ចំនួន២ដង ក្នុងមួយឆ្នាំនៅក្នុងក្រុង-ស្រុករបស់ពួកគេផ្ទាល់ និងសម្របសម្រួលដល់មន្រ្តីបង្គោលសុខុមាលភាពកុមារ កិច្ចការពារកុមារនៃរដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រងករណីកិច្ចការពារកុមារនៅក្នុងមូលដ្ឋានផ្ទាល់។

លោកស្រី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកណ្តាលក៏បានសំណូមពរថា បន្ទាប់ពីកិច្ចប្រជុំនេះចប់ទៅ នៅពេលចុងឆ្នាំដែលត្រូវបូកសរុបម្តងទៀតសូមអង្គការដៃគូផ្តល់កិច្ចសហការក្នុងការផ្តល់របាយការណ៍ផ្ញើឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ពិនិត្យមើលតើនូវខ្វះចន្លោះណាខ្លះ និងសំណូមពរដល់មន្ទីរសង្គមកិច្ចបន្តកិច្ចសហការក្នុងការអនុវត្តផែនការ កិច្ចការពារកុមារនេះឱ្យកាន់តែល្អប្រសើរ៕

ដោយ ណយ នឿន, សម្រួលផ្សាយ៖ រស្មីមេគង្គ (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

Comments (0)

Post a Comment