ផ្សាយពាណិជ្ជកម្ម



 

 ភ្នំពេញ: ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះជ័យលាភីអ្នកចាក់វ៉ាក់សាំង លេខរៀងទី១០លាន គឺបានទៅលើ អ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

នៅលើផេកផ្លូវការនាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា នៅថ្ងៃនេះកម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់ នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ សម្ដេចតេជោបន្តថា ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូង ក៏ដោយ ក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ ទៅ១៨ឆ្នាំ បានចំនួន ១ ៧៨៨ ៨០២នាក់ ដែលស្មើនឹង៩៧,៨៩% និងកុមារអាយុពី៦ ដល់១២ឆ្នាំ បានចំនួន ១ ៩២០ ៥៩៩នាក់ ស្មើនឹង១០១,២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កិច្ចការបន្តរបស់យើង គឺត្រូវបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងទៀត គឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។ ថ្ងៃស្អែក ០១ វិច្ឆិកា ២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង៣០ម៉ឺននាក់បន្តទៀត។

ជាមួយនឹងការកោតសសើរ និងថ្លែងអំណរគុណចំពោះគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្តេចតេជោបានអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ ព្រោះថាវ៉ាក់សាំងតែមួយមុខ បើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំងក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ ៣ការពារ និង៣កុំ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានឱ្យដឹងដែរថា លេខរៀងទី១០លាននៃការចាក់វ៉ាក់សាំង គឺបានទៅលើអ៊ំស្រី ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារផ្សេងៗទៀត ទៅប្រគល់ជូនដោយផ្ទាល់។

សម្ដេចតេជោក៏បានជូនពរជនរួមជាតិ សូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕

Comments (0)

Post a Comment