ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:


កំពត៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក  ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា  ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពតបានប្រារព្ធនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ  ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ 


ក្នុងពិធីនោះមានមន្ត្រីរាជការនៅជុំវិញខេត្ត និងកងកម្លាំងទាំងបីស្ថាប័នបានចូលរួម ពិសេសកងកម្លាំងទាំងនោះបានមកជួយការពារសណ្តាប់ធ្នាប់ជូនអង្គពិធីផងដែរ។ 


នៅខណៈនោះបន្ទាប់ពីការអានសន្ទរកថា និងអានរបៀបវារៈនៃអង្គពិធីរបស់មន្ត្រីសាលាខេត្តរួចមកឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតក៏បានមតិសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទីនោះដែលទាក់ទងទៅនឹងខ្លឹមសារនៃថ្ងៃ៩ វិច្ឆិកា និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទយ៉ាងសោមនស្សរីករាយបំផុត។ 


ពោលគឺឯកឧត្តមបានមានប្រសាសន៍ថា ប្រជាជាតិខ្មែរទាំងអស់បានរួចផុតពីនឹមត្រួតត្រារបស់បារាំងគឺដោយសារស្នាមព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលព្រះអង្គបានទាមទារឯករាជ្យជូនមាតុប្រទេសខ្មែរពីអាណានិគមបារាំងនៅថ្ងៃ ៩ វិច្ឆិកាឆ្នាំ១៩៥៣ នេះឯង។ 


ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣នេះហើយក៏ជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរ ដូច្នេះកូនខ្មែរគ្រប់រូបគួរតែចងចាំ និងកោតសរសើរពីវីរភាពរបស់ព្រះបាទអតីតវីរក្សត្ររបស់យើងគឺព្រះបាទ នរោត្តម សីហនុ នេះហើយ។ 


លើសពីនេះទៅទៀតឯកឧត្តមបានលើកឡើងផងដែរ អំពីស្នាមព្រះហស្ថរបស់ព្រះអង្គដែលបានដឹកនាំនាវាកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅក្នុងសម័យសង្គមរាស្ត្រនិយម។ 


ក្នុងនោះដែរឯកឧត្តមបានមានប្រសាសន៍ថា សម័យបច្ចុប្បន្នក៏មិនខុសអ្វីទៅនឹងសម័យសង្គមរាស្ត្រនិយមដែរ ពោលគឺប្រជាពលរដ្ឋរស់នៅដោយសុខសាន្តក្រោមម្លប់សន្តិភាព ពោលគឺមិនមានសង្គ្រាមរ៉ាំរ៉ៃទៀតឡើយ ដោយសារតែប្រមុខដឹកនាំកម្ពុជាដ៏ឈ្លាសវៃប្រកបដោយសីលធម៌ និងគុណធម៌គឺសម្តេចតេជោ ហ៊ុន សែន នេះឯងដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ខខ្មែរ៕

ដោយៈ នាក់ អ៊ួន
















Comments (0)

Post a Comment