ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:

 


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកស្រី លីម ហៃស៊ុក (Lim Hyesook) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋកូរ៉េ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថលរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានពិភាក្សាការងារជាមួយ លោកស្រី លីម ហៃស៊ុក លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទូរគមនាគមន៍ ជំនាន់ទី៥ (5G) បច្ចេកវិទ្យាក្លោដ បញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យជាដើម ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល ឲ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស។

បន្ថែមពីនេះ គណៈប្រតិភូបានជួបជាមួយលោក មូន យ៉ុងស៊ីក (Moon Yong-sik) ប្រធានទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចការសហប្រតិបត្តិការ រដ្ឋាភិបាលឌីជីថលរវាងស្ថាប័នទាំងពីរ ដូចជា ការចែករំលែកបទពិសោធនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល កិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌល សហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សលើការអភិវឌ្ឍបច្ចេកវិទ្យាក្លោដ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

គណៈប្រតិភូ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍ លើការកសាងនិងគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាក្លោដចំហ (Open Cloud Platform) នៅមជ្ឈមណ្ឌលសេវាធនធានព័ត៌មានជាតិកូរ៉េ មជ្ឈមណ្ឌលគាំទ្រថ្នាលបច្ចេកវិទ្យាក្លោដចំហប៉ាស់តា (PaaS-TA)។

គណៈប្រតិភូបានឈ្វេងយល់ អំពីការធ្វើសមាហរណកម្មទិន្នន័យរវាងក្រសួង-ស្ថាប័នរដ្ឋនីមួយៗ ដែលកាលពី១៥ឆ្នាំមុនស្ថិតនៅដាច់ដោយឡែកពីគ្នា ជាហេតុនាំ ឲ្យមានការចំណាយខ្ពស់និងការការពារសុវត្ថិភាពនៅមានកម្រិតបំផុត។ គណៈប្រតិភូក៏បានពិភាក្សាជាមួយក្រុមហ៊ុន Naver និងក្រុមហ៊ុន Samsung SDS អំពីការរក្សាទុកទិន្នន័យក្នុងមជ្ឈមណ្ឌលទិន្នន័យ បច្ចេកវិទ្យាវិភាគទិន្នន័យ ការការពារសុវត្ថិភាពទិន្នន័យ និងការអភិវឌ្ឍធនធានមនុស្ស។

គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅគ្រឹះស្ថានផ្សព្វផ្សាយអប់រំកូរ៉េ (Korea Educational Broadcasting System) ដើម្បីជំរុញការអនុវត្ត ឲ្យបានជោគជ័យនូវគម្រោង ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ស្ដីពីការរៀបចំនិងប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអប់រំកម្ពុជា ឆ្នាំ២០២១-២០២២៕

Comments (0)

Post a Comment