ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:

 



ភ្នំពេញ: ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវទស្សនៈមួយចំនួន ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរំពឹងថានឹងស្រាកស្រាន្ដនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្មធុរកិច្ច និងវិនិយោគឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល ដើម្បីស្តារ និងជំរុញការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបឡើងវិញនោះ។

ក្នុងសន្ទរកថាថ្លែងបើក ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ «ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤»តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវទស្សនៈមួយចំនួនដែលត្រូវយកចិត្តទុកដាក់ សំដៅស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលក្នុងនោះរួមាន ទី១.ក្នុងក្របខ័ណ្ឌពហុភាគីយើងសង្កេតឃើញថាប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។

ក្នុងន័យនេះ យើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាពនិងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យនិងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ចដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើងប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ទី២. ពាណិជ្ជកម្មអន្តរជាតិគឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន។

ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរ នៅក្នុងពាណិជ្ជកម្ម និងខ្សែ ច្រវាក់ផ្គត់ផ្គង់សកល សម្ដេចតេជោយល់ឃើញថាតំបន់យើងទាំងពីរត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេស ការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីទាញយកសក្តានុពលជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប។

ទី៣. ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហ កម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យក បច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅការអភិវឌ្ឍឧស្សាហកម្មនិងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ យើងត្រូវរួមគ្នាទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលនិងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មីដែលរឹងមាំ។

ទី៤. ជាមួយគ្នាការជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយផងដែរ។ ប្រការ នេះ ទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជនទាំងក្នុង ក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីទាក់ទាញការវិនិយោគអភិវឌ្ឍន៍ធនធានមនុស្ស និង ជំរុញឱ្យមានការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យាស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតជាសំ ខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤ការលើកកម្ពស់បដិវត្ដន៍កម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើមតាមរយៈការលើកកម្ពស់ការទទួលបានការគាំទ្រទាំងផ្នែកគោលនយោបាយនិងហិរញ្ញប្បទាន។

ទី៥. ការជំរុញការអភិវឌ្ឍបៃតងក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច សម្រាប់រយៈពេលវែង ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ទៅនឹងអាកាសធាតុ។ ក្នុងន័យនេះ យើងត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះ ជាពិសេសការជំរុញវិស័យឯកជនឱ្យបង្កើនការវិនិយោគបៃតងពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។

ក្នុងវេទិកានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តន៍វិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មការអភិវឌ្ឍធនធានមនុស្សការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយតាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាក្នុងនោះ រួមមាន (១).កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) (២).កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង(៣).កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹង ចូលជាធរមាននាពេលឆាប់ៗខាងមុខ ។

ជារួម ការវិវត្តជាវិជ្ជមានទាំងនេះបាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្មធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំប្រកបដោយភាពប្រកួតប្រជែង សម្រាប់វិនិយោគិនពីគ្រប់មជ្ឈដ្ឋានជាពិសេសពីតំបន់អឺរ៉ុប៕  ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ dara

Comments (0)

Post a Comment