ផ្សាយពាណិជ្ជកម្ម



 


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ។

អមដំណើរសម្តេចពញាចក្រី ចូលរួមគោរពវិញ្ញាណក្ខន្ធដ៏ក្រៀមក្រំនេះ រួមមានសមាជិក សមាជិកានៃព្រឹទ្ធសភាកម្ពុជាផងដែរ។

តាមរយៈសាររំលែកទុក្ខដែលផ្ញើទៅកាន់ក្រុមគ្រួសារនៃសពកាលពីម្សិលមិញ សម្តេច សាយ ឈុំ បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់លោកបណ្ឌិត ងួន ញិល។

សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា មរណភាពលោកបណ្ឌិត ងួន ញិល ជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ ឆ្នើមមួយរូប ដែលមានស្នាដៃនិងបទពិសោធចូលរួមកសាងនិងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេសលោកបណ្ឌិត បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេស ជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕


Comments (0)

Post a Comment