ផ្សាយពាណិជ្ជកម្ម



 


ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ លើកកម្ពស់ និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់ ៦០សង់ទីម៉ែត្រ។ ក្នុងទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ មាន ៧ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ដែល ចែកជា ២គន្លង (១ទៅ ១មក) ផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) ដែលគន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០,៥០ម៉ែត្រ។ សាងសង់ស្ពានថ្មីចំនួន ២កន្លែង ប្រវែងសរុប ១៤០ម៉ែត្រ សាងសង់លូជ្រុងចំនួន ៣កន្លែង លូមូលចំនួន ៩១កន្លែង និងលូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ១៩២កន្លែង។ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៤៤ខែ។ ប៉ុន្តែការសាងសង់ជាក់ស្តែងត្រឹមតែ ៣០ខែប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លឿនជាងផែនការគ្រោងទុក ១៤ខែ។ ផ្លូវនេះ ចំណាយថវិកាសាងសង់សរុប ៩៨.៣៨៨លានដុល្លារអាមេរិក រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសក្រោយពេលសម្តេចបានក្លាយជាកាន់ចង្កូតនាវាកម្ពុជានៅឆ្នាំ១៩៨៥។ មកដល់ពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិនៃការរាតដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន នៅតែបន្តដំណើរការ ហើយផ្លូវជាច្រើនបានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្រាប់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ក៏ជាបណ្តាញផ្លូវដ៏មានសារៈសំខាន់ផងដែរ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវជាតិលេខ១១ នេះ នឹងក្លាយជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត និងជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ ផ្លូវនេះត្រូវបានចាត់ទុកថាជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មផ្ទៃក្នុង និងតំបន់។

លោកទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា តាមលក្ខណៈភូមិសាស្ត្រ ការស្ថាបនា និងលើកកម្រិតផ្លូវជាតិលេខ១១នេះឡើងវិញ គឺមិនត្រឹមតែជួយសម្រួលដល់ចរាចរណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ ជាក់ស្តែងនៅត្រង់ចំណុច គ.ម០៩+០០០ ដល់ គ.ម១០+០០០ ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ និងគ.ម១៦+០០០ ដល់ គ.ម១៩+000 ស្ថិតនៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ ត្រូវបានសាងសង់ដោយលើកតួផ្លូវ និងចាក់ដីបន្ថែមកម្ពស់ ១.៥ម៉ែត្រទៀត ដើម្បីទប់ទល់នឹងការជន់លិចស្ទើររៀងរាល់ឆ្នាំនៅរដូវវស្សា។

លើសពីនេះ ផ្លូវជាតិលេខ១១ ក៏ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់មេគង្គ រួមមាន៖ ១៖ ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និង ២៖ ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិលេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤៕


Comments (0)

Post a Comment