ផ្សាយពាណិជ្ជកម្ម



 

 

ស្វាយរៀង : កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា យើងនឹងមិនមានសុវត្ថិភាពនោះទេ ដរាបណាអ្នកនៅជិតខាងយើង មិនទាន់មានសុវត្ថិភាពនៅឡើយនោះ។ 

 លោកជំទាវ បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ២០០ ០០០ដូស ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រំដែនខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ 

 លោកជំទាវ បានបន្ថែមថា ៖ “ការផ្តល់នូវវ៉ាក់សាំងនេះ គឺនៅក្នុងគោលបំណងចូលរួមប្រកបដោយស្មារតីរួបរួមគ្នា ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំង បង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងកាលៈទេសៈដែលបណ្តាប្រទេសនានា នៅលើសាកលលោក និងនៅក្នុងតំបន់ កំពុងតែប្រឈមនឹងវិបត្តិកូវីដ-១៩ដូចគ្នា ព្រមទាំងកំពុងតែខិតខំធ្វើអន្តរាគមន៍ ឆ្លើយតប និងដោះស្រាយបញ្ហានេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម”។ 

 ជំងឺរាតត្បាតកូវីដ-១៩នេះ ក៏បាននិងកំពុងជះឥទ្ធិពលជាអវិជ្ជមានដល់ពិភពលោកទាំងមូល ហើយការកើតឡើងនៃវិបត្តិនេះ កំពុងប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស មិនត្រឹមតែធ្វើឱ្យមានគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះទង្គិចដល់កំណើនសេដ្ឋកិច្ចប្រទេសនៅលើសាកលយ៉ាងធ្ងន់ធ្ងរផងដែរ។ 

ការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩ជាសកលនេះ ក៏បាននាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កជាការរាំងស្ទះ ទៅដល់តម្រូវការ ព្រមទាំងលំហូរនៃការធ្វើដំណើរ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដែលជាហេតុនាំមកនូវ ការរំខានទៅលើដំណើរការគ្រប់វិស័យនៃសកម្មភាពសេដ្ឋកិច្ចលើសាកលលោក ក្នុងនោះ មានទាំងប្រទេសកម្ពុជា និងវៀតណាម ផងដែរ។

 លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ “ប៉ុន្តែបើទោះជាកម្ពុជាយើងរងនូវផលប៉ះពាល់ក៏ពិតមែន ប៉ុន្តែការសម្រេច របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់ជូនសាធារណរដ្ឋសង្គមនិយមវៀតណាម នូវវ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម) ចំនួន ២០ម៉ឺនដូសនេះ គឺជាសក្ខីភាពជាក់ស្តែងនៃការចូលរួមចំណែកជួយដល់ការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាជាមួយរដ្ឋាភិបាលវៀតណាម ដែលជាប្រទេសជិតខាង ដើម្បីឆ្ពោះទៅរកការបង្កើតបាននូវ ភាពស៊ាំបុគ្គល និងភាពសុំសហគមន៍-សង្គម ដែលអាចជំរុញនូវការស្តារឡើងវិញជាបណ្តើរៗ នូវដំណើរការ សង្គម-សេដ្ឋកិច្ច។ល។ 

ទន្ទឹមនឹងនេះ ការរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិនអាចខ្វះបាន ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នា ប្រកបដោយការធ្វើឱ្យបានល្អប្រសើរឡើង នូវ សុខភាពសាធារណៈសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”។

 សូមរម្លឹកថា កម្ពុជាធ្លាប់បានផ្តល់ជាថវិកា ម៉ាស និងសម្ភារបរិក្ខាពេទ្យមួយចំនួន ជូនប្រទេសជាច្រើនក្នុងតំបន់រួចមកហើយរួមមានឡាវ មីយ៉ាន់ម៉ា វៀតណាម ទីម័រឡេស្តេ នេប៉ាល់។ល។

 ហើយចុងក្រោយនេះ កម្ពុជាក៏បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូសជូនដល់ប្រទេសឡាវផងដែរ៕ ដោយ ផែន រតនៈសម្រួល:ដារ៉ា



" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 30, 2021

 




ខ្ញុំបាទ ទេស វិបុល នឹងរៀបចំចាប់ផ្តើមមុខរបរចាស់របស់ខ្ញុំសាជាថ្មីឡើងវិញក្នុងវិស័យទេសចរណ៍នឹងបង្ហាញអំពីសារៈសំខាន់ៗនៅតាមដងទន្លេមេគង្គ និង តាមដងទន្លេសាបព្រមទងភូមិតម្បាញសូត្រស្ថិតនៅភូមិ កោះឧកញ៉ាតី ឃុំឧកញ៉ាតីនៃស្រុកខ្សាច់កណ្តាល។

សូមបញ្ជាក់ថា កាលពីមុនខ្ញុំមានកាណូតទេសចរណ៍ ឈ្មោះ Vibol Boat And Tours ប៉ុន្តែឥលូវនេះខ្ញុំបានធ្វើការផ្លាស់ប្ដូរទៅ KSN BOAT And TOURS ម្តងវិញ។សូមអរគុណ


Welcome National And International Guests!

Me,Tes Vibol, will re- organized my old businesses in the tourism sector, will show about important things along the Mekong River Banks in the Village of Koh Okhati ,Okhati Commune,Ksach Kandal District of Kandal Province.

Not that I used to have a Vibol Boat And Tours but now I have changed to KSN BOAT And TOURS once again.Thank you so much.






" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 29, 2021

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងភាគីពាក់ព័ន្ធ ដែលមានតំណាងស្ថាប័នរដ្ឋាភិបាល តំណាងកម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការជាដៃគូជាតិ អន្តរ ជាតិប្រមាណជា ១ ៣០០ នាក់ បានមកជួបជុំគ្នាតាម រយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិ ភាព និងសុខភាពការងារ ឆ្នាំ២០២១ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំឆ្លើយ តបទៅនឹងវិបត្តិ៖ ស្តារឡើង វិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិ ភាព និងសុខភាពការងារជាតិ ប្រកបដោយប្រសិទ្ធភាព” ។

 ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអធិបតីនៅក្នុងទិវាពិភព លោកនេះ មានប្រសាសន៍ថា ការរៀបចំទិវាពិភពលោកនេះ គឺក្នុងគោលបំណង ដើម្បីចូល រួមផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិត ជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គម ជាតិ ។

 បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាពនិងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមា គមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើក កម្ពស់វប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការ ងារនៅកន្លែងធ្វើការ និងជំរុញការលើកកម្ពស់បន្ថែមចលនា ទាក់ទាញការគាំទ្រផ្នែកនយោ បាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភព លោក។ 

 ឯកឧត្តមបានបន្តថា នេះជាឆ្នាំទី១៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងលើក កម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់ (ILO-OSH) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំ ផែនការឆ្លើយតប និងវិធាន ការចាំបាច់នានា ក្នុងការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំ នេះគឺជាឆ្នាំទី២ហើយ ដែលកម្ពុជាប្រារព្ធពិធីនេះឡើងតាមប្រព័ន្ធវីដេអូអនឡាញ ដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩។

 រហូតមកដល់ពេល នេះ ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតជាសាកល និងបន្តប៉ះពាល់ ស្ទើរតែទូទាំងពិភព លោក ហើយត្រូវបានគេចាត់ ទុកជំងឺនេះជាបញ្ហាធំមួយដែលធ្វើឱ្យពិភពលោក ខ្វល់ ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាល ភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម និងបានបន្តរហូតមក ដល់ពេលនេះ។

 រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ រួមមានទាំងវិធានការសុខាភិបាល វិធាន ការរដ្ឋបាល និងវិធានការចាំ បាច់ ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ទាំងសង្គម និងសេដ្ឋកិច្ច ក្នុងនោះការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រភពនានា ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗដើម្បីយកមកចាក់ជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃ តាម រយៈ យុទ្ធសាស្រ្ត “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគមន៍និងឈានទៅបន្ត ជំរុញលំនឹងអាជីវកម្ម និងធុរកិច្ច ឡើងវិញ៕



" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 29, 2021



ភ្នំពេញ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកម្លាំង និងអាជ្ញាធរ ដែលឈរជើងនៅទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

 


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 28, 2021


 ភ្នំពេញ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ដែលប្រទេសព្រុយណេដារ៉ូសាឡាមធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន និងសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ទីមួយ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលអាម៉េរិកបានផ្តល់ការគាំទ្រជាច្រើន ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន។ លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្ម និងវិនិយោគផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បានប្រកាសថា នឹងផ្តល់ថវិកាបន្ថែម ២០០លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាបន្តទៀត ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្ដមប្រធានាធិបតីអាម៉េរិក សង្ឃឹមថាអាស៊ាននឹងចូលរួមចំណែកជាមួយនឹងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក៏បានលើកឡើង ថាអ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺទំនាក់ទំនងមួយដែលរឹងមាំ ហើយជាពិសេសទៀត គឺសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តការគាំទ្រដល់អាស៊ាន និងបន្តកិច្ចសហការលើវិស័យជាច្រើន ក្នុងនោះកន្លងមកអាមេរិកបានផ្តល់នូវជំនួយ ជាង៤០លានដូស នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់តំបន់អាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺបានផ្តល់នូវជំនួយជាង២០០លានដុល្លារ ដែលជាជំនួយពាក់ព័ន្ធនឹងការងារសង្គ្រោះបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩។ មួយវិញទៀត ប្រធានាធិបតីអាមេរិកបានប្រកាសថា ជាគោលដៅអាម៉េរិកនឹងចូលរួមចំណែក នូវវ៉ាក់សាំងចំនួន ១ ០០០លានដូស នៅពេលខាងមុខនេះ ហើយកាលពីខែសីហាកន្លងទៅ អាម៉េរិកបានប្រកាសបើកការិយាល័យ នៃមជ្ឈមណ្ឌល CDC នៅទីក្រុងហាណូយ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងពិនិត្យជំងឺឆ្លងនេះ។

សហរដ្ឋអាមេរិក និងអាស៊ានក៏បានប្តេជ្ញាជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យឌីជីថល ក៏ដូចជាសន្តិសុខ មិនប្រពៃណី និងធ្វើយ៉ាងណាឱ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ។ ហើយនៅឆ្នាំក្រោយ សហរដ្ឋអាមេរិក និងអាស៊ាននឹងប្រារព្ធខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងភាគីទាំងពីរ ក្នុងពេលនៅដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ទន្ទឹមនេះដែរ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរមតិយោបល់ជុំវិញសភាពការណ៍នៅមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែល ឯកឧត្តមប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ហើយមេដឹកនាំអាស៊ានទាំងអស់រួមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ឯកឧត្ដមប្រធានាធិបតីអាមេរិក ក្នុងកិច្ចប្រជុំកំពូលនេះ៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ និស្សិតខ្មែរ


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 27, 2021



 ភ្នំពេញ :ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់ដល់អាជ្ញាធរ និងមន្ទីរជំនាញ ដោយប្រើប្រាស់អស់គ្រប់មធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការបាក់ទំនប់សន្តស្ទឹងព្រែកត្នោតស្ថិត នៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

រូបថត÷ អុក សុខខឿន

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 26, 2021


 ភ្នំពេញ: ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ ដោយ១១១សំឡេង លើ១១១សំឡេង ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោមសំឡេងគាំទ្រ១១១/១១១សំឡេង។

សម័យប្រជុំពេញអង្គរដ្ឋសភានេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយសមាជិកនានារបស់រដ្ឋសភាចំ នួន១១១រូប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតច្បាប់នេះ និងតំណាងក្រសួងពាក់ព័ន្ធ ក៏នឹងចូលរួមកិច្ចប្រជុំផងដែរ។

សេចក្តីព្រាងច្បាប់ខាងលើនេះសំដៅកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា មានហេតុផលសំខាន់ពីរដែលនាំឱ្យសម្តេចសម្រេចស្នើធ្វើសេចក្តីព្រាងច្បាប់ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយចំពោះមេដឹកនាំកំពូលស្ថាប័នរបស់ជាតិ។ ហេតុផលនោះ គឺដើម្បីបញ្ជាក់ថា សម្តេចមានសញ្ជាតិមួយ ឬពីរដូចការចោទក្រុមឧទ្ទាមក្រៅច្បាប់ និងមួយទៀត ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញដើម្បីកំណត់សញ្ជាតិនេះ ក៏ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ជាតិកម្ពុជា គឺការបញ្ចៀសនូវការជ្រៀតជ្រែងពីបរទេស ក៏ដូចជាបញ្ជាក់ពីភក្តីភាពរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ ចំពោះជាតិមាតុភូមិផងដែរ។

ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើឡើងបន្ទាប់ពី បន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ខុសពីការពិតថា សម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសសាយប្រឺស (Cyprus)។ ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាជនរងគ្រោះក្នុងការមួលបង្កាច់ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយតែម្តង។ ទន្ទឹមនឹងនេះ បណ្តាក្រសួង ស្ថាប័ន សមាគម គណបក្សនយោបាយជាច្រើន ក៏បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំវិសោធនកម្មនេះផងដែរ។

គួរបញ្ជាក់ផងដែរថា  រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានា ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការប្រឆាំងដាច់ខាតទៅនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ អន្តរជាតិរបស់កម្ពុជា។

ចំពោះរបៀបវារៈផ្សេងទៀត រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

សម្រួលផ្សាយ៖ កន ចំណាន

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 25, 2021