-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Friday, May 20, 2022

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានខិតខំរៀបចំបើកដំណើរការឡើងវិញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក

ចំនួនអ្នកទស្សនា: Views


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធអគារទីបញ្ជាការរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសំណង់អគារទីបញ្ជាការថ្មីៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយអគារនេះក៏អាចត្រូវបានចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញអំពីការរីកចម្រើនប្រែមុខប្រែមាត់របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ហើយចាប់ពីឆ្នាំ២០០២ ក៏បានសម្រេចរៀបចំទីតាំងឈរជើងនៅតំបន់ភ្នំតូច ខេត្តបាត់ដំបង ដោយនៅពេលនោះ ស្ទើរតែគ្មានអ្វីសោះ ព្រោះជាតំបន់ព្រៃរបោះគ្មានហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ឡើយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការបន្តរីកចម្រើនឥតឈប់ឈរនេះ គឺពិតជាបានបង្ហាញឱ្យឃើញអំពីលទ្ធផលជាក់ស្តែងនៃយកចិត្តទុកដាក់ និងការគិតគូររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចតេជោ ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។ មួយវិញទៀត នេះក៏បានបង្ហាញផងដែរពីកម្លាំងសាមគ្គីភាពដ៏រឹងមាំរវាងបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្នុងនាមជាអង្គភាពភាពសម្ព័ន្ធមេត្រីភាព និងជាការចូលរួមសម្រេចបាននូវទិសដៅភារកិច្ចស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានភាតរភាពជិតស្និទ្ធរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ព ដើម្បីពង្រឹងនូវខឿនការពារជាតិទាំងមូលឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា។

ឧត្តមសេនីយ៍ឯករូបនេះ បានបន្ថែមថា វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅធានាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ក្នុងន័យនេះ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការបំពេញភារកិច្ចឱ្យបានមុតស្រួច និងលឿនរហ័ស វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្មជាប់ជាប្រចំា ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពឯករាជ្យម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជា ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានខិតខំរៀបចំបើកដំណើរការឡើងវិញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នាពេលនេះ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់អង្គភាព ព្រមទាំងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការអាក់ខានរយៈពេល ០២ ឆ្នាំជាប់គ្នា ដោយសារការរីករាលនៃជំងឺកូវីដ-១៩។ វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានរថក្រោះ។

Thursday, May 19, 2022

សម្តេចតេជោចាត់ទុកជំនួយវ៉ាក់សាំងរបស់ឥណ្ឌានាពេលកន្លងមក បានជួយកម្ពុជាទទួលបានជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 
សម្តេចតេជោចាត់ទុកជំនួយវ៉ាក់សាំងរបស់ឥណ្ឌានាពេលកន្លងមក បានជួយកម្ពុជាទទួលបានជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជំនួយវ៉ាក់សាំងរបស់ឥណ្ឌា ដែលផ្តល់ជូនកម្ពុជានាពេលកន្លងមក បានជួយកម្ពុជាទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយឈានទៅ បើកប្រទេសឡើងវិញ។
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ 

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ដោយសម្ដេចតេជោបានគូសបញ្ជាក់ អំពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា តាំងពីឆ្នាំ១៩៨១។ 

គិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំ ហើយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា។ ដើម្បីប្រារព្ធខួបនៃទំនាក់ទំនងការទូតនេះ ប្រទេសទាំងពីរនឹងត្រៀមរៀបចំពិធី អបអរសាទរខួបលើកទី៧០ឆ្នាំនេះផងដែរ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងការពិភាក្សានេះ អ្វីដែលសម្ដេចចង់លើក គឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ក្នុងន័យនេះ សម្តេចតេជោបានអបអរសាទរចំពោះឥណ្ឌាដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ-១៩ ពីការឆ្លងច្រើនរហូតដល់ឆ្លងតិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌា មានប្រជាពលរដ្ឋច្រើន។ សម្ដេចតេជោក៏បានអរគុណប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជាកាលពីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន៣២ ម៉ឺន៥០០០ដូស។

 សម្ដេចតេជោបានបញ្ជាក់ផងដែរថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមនៅក្នុងសាមគ្គីភាព ហើយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះដោយសារការចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះ ធ្វើឲ្យប្រទេសកម្ពុជា បានបើកប្រទេស ឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១។ 

សម្តេចបានគូសបញ្ជាក់ដែរថា មកដល់ពេលនេះ មានរយៈពេល១១ថ្ងៃហើយ ដែលប្រទេសកម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មីៗឡើយ ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ថា យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ហើយកម្ពុជា ជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ហើយឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ផងដែរថា ឯកឧត្តម ពិតជារីករាយដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះ។ 

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ជាសមត្ថភាពរបស់ឥណ្ឌា ដែលខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុង សកលលោកផងដែរ។

 ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះទៅដល់ប្រមាណ ១០០ ប្រទេស ហើយក៏បានចូលរួមបណ្ដុះបណ្ដាលមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាង ២ពាន់នាក់ ជាពិសេសនៅក្នុងការ បណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់អាហារូបករណ៍ចំនួន១០០០ កន្លែងទៀត សម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសសមាជិកអាស៊ាន។

Wednesday, May 18, 2022

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បរិច្ចាគថវិកា១៤៩,៨៩០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

    (ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បាននាំយកថវិកាសប្បុរសធម៌ ចំនួន១៤៩,៨៩០ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

ថវិកានេះ ដែលបានមកពីការចូលរួមឧបត្ថមត្ភពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជននានា ហើយត្រូវបានប្រគល់ជូន លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើក។


ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន, ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានថ្លែងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នាពេលនេះ គឺជាទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកបានបន្តថា ថ្វីត្បិតកម្ពុជាបច្ចុប្បន្នក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតលើសកលលោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយប៉ុន្តែថវិកាដែលយើងប្រមូលបាននៅតែមានចំនួនច្រើន នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងដោយគូសបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាសប្បុរសជននានានូវតែបន្តគាំទ្រ និងឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្នុងបេសកកម្មមនុស្សធម៌។

ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ ព្រមទាំងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាកាកបាទក្រហមកម្ពុជានិយាយជារួម និយាយដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលា។

លោក ជា សុមេធី ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នឹងចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេសដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការការពារប្រយុទ្ធប្រឆាំងនិងជំងឺវីរុសកូវីដ-១៩៕

Tuesday, May 17, 2022

- បទ ៖ វីរភាពបងប្រុសបងស្រីប្រមុខ TYDA

ចំនួនអ្នកទស្សនា: Views

 

- ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន
- និពន្ធទំនុកតាមលំនាំដើម ៖ លោក ជួន មករា
- សម្រួលបទភ្លេង ៖ លោក ចិក សំណាង
- ច្រៀងដោយ ៖ អ្នកនាង សេង ណាលីន និង អ្នកនាង អ៊ាង សម្ផស្ស
- លំនាំបទយីកេ ៖ ចាកវិថុងយ៉ាវឡេ
- បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន
- ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា
- កាត់តវីដេអូ ៖ លោក ណុង វណ្ណនែត
- ក្រាហ្វិក ៖ លោក ណុង វណ្ណនេត
- ផ្នែកអក្ខរាវិរុទ្ធ ៖ ឯកឧត្តម ស៊ុំ វឌ្ឍនៈ/លោក ស៊ុំ សំអាត/លោក ព្រាប សុផាណា
- ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំបច្ច័យប្រមាណ៥០០$ ចូលរួមបុណ្យសពភរិយា របស់ចាងហ្វាងគេហទំព័រតេជ:បារមីវិហារសួគ៌

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ និង នាំបច្ច័យជិត៥០០$ ចូលបុណ្យសពភរិយារបស់ លោក នី សុផាន់ណា ចាងហ្វាងគេហទំព័រតេជ:បារមីវិហារសួគ៌ ដែលបានទទួលមរណភាពដោយជំងឺមហារីក កំពុងតម្កល់ធ្វើបុណ្យ នៅវត្តព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

សូមជម្រាបថា ក្រោយទទួលដំណឹងមរណៈភាពនេះ លោកប្រធាន ថ្នាក់ដឹកនាំនិង សមាជិកសមាគម និងសប្បុរសជនជាមិត្តសមាគម បានសម្តែងក្តីសោកស្តាយ ចូលរួមរំលែកទុក្ខ និងបានចូលបច្ច័យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដូចមានចំនួនខាងក្រោម៖

១.លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចំនួន100$។

២.លោក ហង្ស ចក្រា ចាងហ្វាងការផ្សាយកាសែតខ្មែរម្ចាស់ស្រុក និងជា អនុប្រធានសមាគម ចំនួន10$។

៣.លោក ថាំង ប៊ុនសុង ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត និងជា អគ្គលេខាធិការសមាគម ចំនួន15$។

៤.លោក ស៊ាង ប៊ុនសុង ចាងហ្វាងការផ្សាយគេហទំព័រសាន់ដេ និងជា អគ្គលេខាធិការងសមាគម ចំនួន10$។

៥.លោក ឃីម រដ្ឋា ចាងហ្វាងការផ្សាយគេហទំព័រ រស្មីស្ទឹងត្រង់ ចំនួន10$។

៦.លោក ស៊ីន ខ្វាន់ឆា និពន្ធនាយកគេហទំព័រ ពេញចិត្តមេឌា ចំនួន10$។

៧.លោក មាស សុវណ្ណ ចាងហ្វាងការផ្សាយ គេហទំព័រDBNចំនួន10$។

៨.លោក អ៊ុន ចាន់ថា ចាងហ្វាងការផ្សាយគេហទំព័ររស្មីក្រុងតាខ្មៅ ចំនួន15$។

៩. អ្នកស្រីជា ធូរីដា ពិធីការិនី សមាគម ចំនួន10$។

១០.លោក មិន ធី ចាងហ្វាងការផ្សាយ គេហទំព័ររស្មីបន្ទាយដែក ចំនួន10$។

១១.លោក គ្រង រដ្ឋា ចាងហ្វាង គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ ញូស៍  ចំនួន5$។

១២.លោក ហោ គឹមហៀប ចាងហ្វាងការផ្សាយគេហទំព័រម្ចាស់ទន្លេមេគង្គ ចំនួន10$។

១៣.លោក ឆុំ ដានី ចាងហ្វាង កងមាស ញូស៍ ចំនួន ១០$។

១៤.លោក មាស សុរា ចាងហ្វាងការផ្សាយគេហទំព័រmeas soranews ចំនួន10$។

១៥.លោក យ៉ាន់ ងឿន និពន្ធនាយកKSN  20000៛

១៦. លោក សិន ឡូត ចាងហ្វាង កម្ពុជា តេជោ សន្តិភាព 10$

១៧.លោក ឃឹម ហាក់ ចាងហ្វាងនំបញ្ចុកខ្មែរ ៤០០០០៛

១៨. លោក សុខ  សាម៉ុន ចាងហ្វាយរស្មីមេគង្គ 20000៛

១៨. លោក សេង ម៉ៅ អ្នកព័ត៌មានKSN  20000៛

១៩.លោក លីម ផល្លី អ្នកយកព័ត៌មានLSN ចំនួន10$។


*សប្បុរសជនជាមិត្តសមាគម 

២០. ឯកឧត្តម ប៊ុន រ៉ាវុធ ចំនួន១០មុឺនរៀល

២១. លោក ព្រំ សាន្ត ចាងហ្វាងការផ្សាយ និងប្រធានសមាគមព្រហ្មសាន្ត ចំនួន30$

២២. លោក ឆេង សុវីន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ច ចំនួន ៥០$

២៣.លោក ម៉េត សំអាត អាជីវករ ចំនួន

១០ម៉ឺនរៀល។

២៤.លោក ប្អូន យ៉ា ចំនួន ១០មុឺនរៀល

២៥.អ្នកស្រី ពឹម សុខលីម អាជីវករ 20000៛

២៦.អ្នកស្រី ពឹម សុខលី អាជីវករ 10000៛

សរុបបច្ច័យគឺ

-345$

-43ម៉ឺនរៀល





លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នៅខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

ព្រះវិហារ: ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺ ជូនកងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នៅភូមិសាស្ត្រេខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ នៅក្នុងកងពលតូចអន្តរាគមន៍លេខ៧ ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
 ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ ដោយបានទទួលយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងនាយទាហាន និងពលទាហានទូទាំងកងពលតូចអន្តរាគមន៍លេខ៧ទាំងមូលផងដែរ ។

 លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខុមាលភាព បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និងបានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្របសម្រួលឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ លោកជំទាវបន្តថា កន្លងមកកម្មវិធីក្រុមវេជ្ជាសាស្ត្រសម្តេចតេជោ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជាច្រើន

គោលដៅរួចមកហើយ ហើយនេះគឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព បានច្រើនសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ ។ លោកជំទាវបានថ្លែងបន្តថា ថ្ងៃនេះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ក៏មានការផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ និងបានចែកជូននូវវែនតា ខោអាវសម្រាប់លោកយាយ លោកតា,សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕ ដោយ ទិត ស្រ៊ សម្រួលផ្សាយដោយ៖ dara

Monday, May 16, 2022

សម្តេចតេជោហ៊ុនសែនអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកប ដោយសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យ រយៈពេលពីរថ្ងៃគឺថ្ងៃ១២-១៣ខែឧសភា ឆ្នាំ២០២២។

ជាលទ្ធផលក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ថ្នាក់ដឹក នាំអាស៊ាន និង សហរដ្ឋអាមេ រិក បានជួបពិភាក្សាការងារជាច្រើន និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ ថ្នាក់ដឹកនាំអាស៊ាន-សហ រដ្ឋអាមេរិក ក៏បានជជែកពិភាក្សាស្តីពីបញ្ហាវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព និង ការ ពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន- សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធាន បទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះផងដែរ។.

ពិសេសមេដឹកនាំអាស៊ាន-អា មេរិក ប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមរយៈសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមកិច្ច ប្រជុំកំពូលពិសេស អាស៊ាន- អាមេរិក ឆ្នាំ២០២២ មេដឹកនាំអាស៊ាន-អាមេរិក បានព្រម ព្រៀងគ្នា លើកិច្ចការ ២៨ ចំណុច ដោយផ្តោតលើប្រធានបទស្នូលចំនួន ៨ រួមមាន៖ ១.ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ កសាងសន្តិសុខសុខភាពកាន់តែប្រសើរឡើងនិងរួមគ្នាស្តារឡើងវិញ។ ២.ប្តេជ្ញាបន្តឆ្ពោះទៅមុខកាន់តែរឹងមាំ ស្មើភាព កាន់តែច្រើន។ ៣.ជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ។៤.ពង្រឹងទំនាក់ ទំនងរវាងប្រជាជន និងប្រជា ជន។៥.គាំទ្រការអភិវឌ្ឍន៍អនុតំបន់។៦.ការប្រើប្រាស់បច្ចេក វិទ្យា និងការលើកកម្ពស់ការច្នៃប្រឌិត។៧.ដោះស្រាយការប្រែប្រួលអាកាសធាតុ និង៨.រក្សាសន្តិភាព កសាងទំនុកចិត្ត៕




Saturday, May 14, 2022

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ថ្ងៃទី២

ចំនួនអ្នកទស្សនា: Views

 

វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក, ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ថ្ងៃទី២

Friday, May 13, 2022

សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីគារវកិច្ចស្វាគមន៍ និងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក

ចំនួនអ្នកទស្សនា: Views

  


វ៉ាស៊ីនតោនឌីស៊ី: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីគារវកិច្ចស្វាគមន៍ និងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយឯកឧត្តម ចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះថ្នាក់ដឹកនាំអាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី)។

រូបថត៖ អន ឃួនសំអូន

Thursday, May 12, 2022

សម្តេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងនៅកម្ពុជា ចាត់ទុកថាទទួលបានជោគជ័យ ហើយគ្មាននិន្នាការនយោបាយ ឬប្រកាន់ពូជសាសន៍នោះទេ

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាទទួលជោគជ័យទាំងស្រុង ដោយសារតែការចាក់វ៉ាក់សាំងនៅកម្ពុជា មិនមាននិន្នាការនយោបាយ ឬប្រកាន់ពូជសាសន៍ពណ៌សម្បុរនោះទេ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «វ៉ាក់សាំងនៅកម្ពុជាចាត់ទុកជាវ៉ាក់សាំងជោគជ័យបំផុតរបស់យើង នៅត្រង់អី គឺវ៉ាក់សាំងអត់មានពណ៌សម្បុរនៅទីនោះទេ វ៉ាក់សាំងអត់មាននិន្នាការនយោបាយ វ៉ាក់សាំងអត់មានបែងចែកពូជសាសន៍ អត់មានបែងចែកសាសនា អត់មានបែងចែកតំបន់ បានសេចក្តីថា យើងផ្គត់ផ្គង់វ៉ាក់សាំងដល់គ្រប់មនុស្សទាំងអស់ ដែលនៅក្នុងទឹកដីកម្ពុជា»

របាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសបានជាង ១៤.៩ លាននាក់។ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួនជាង ៨.៨លាននាក់ និងដូសទី៤ ចំនួន ជាង ២.០លាននាក់ ។ ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែចាក់ជូនប្រជាពលរដ្ឋខ្មែរ ក៏មានការចាក់ជូនជនបរទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «យើងក្រទ្រព្យសម្បត្តិ ប៉ុន្តែយើងមិនក្រចិត្តនោះទេ ខ្ញុំសូមជម្រាប ដំណាក់កាលទី១ នៃការចាក់ ខ្ញុំសូមជម្រាបជូន ជំនួយយើងមានត្រឹមតែ៧លានដូសទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវចេញលុយខ្លួនឯង ២៨.៥ដូស យកមកចាក់ឱ្យប្រជាពលរដ្ឋរបស់យើងដោយមិនយកលុយ ហ៊ុន សែន ហ៊ានលេង ដើម្បីការពារជីវិតប្រជាជន ហើយអត់មានប្រកាន់បក្សណាទេ អត់មានសួរកន្លែងហ្នឹងទេ ក្នុងពេលដែលមានការឃោសនាអកុសលចូលទៅ "កុំឱ្យចាក់វ៉ាក់សាំង ចាក់ទៅវាងាប់"

រហូតមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងប្រមាណជាង៥៣លានដូសហើយ ទាំងតាមរយៈជំនួយទ្វេភាគី យន្តការ Covax និងការបញ្ជាទិញ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំឡុងទទួលវ៉ាក់សាំងប្រមាណ២លានដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងប្រមាណជាង ២០លានដូសទៀត នឹងបញ្ជូនមកដល់នៅពេលខាងមុខ ដោយក្នុងនោះភាគីចិនដែលបានសន្យា២០លាន បានបញ្ជូនមកដល់កម្ពុជា៥លានហើយ នៅសល់១៥លានទៀត ខណៈអាមេរិកសន្យាផ្តល់ឱ្យ៧លានដូស បានដឹកដល់កម្ពុជាចំនួន២លានហើយ នៅសល់៥លានទៀត។ ក្រៅពីនោះ កម្ពុជាក៏ទទួលបានបានវ៉ាក់សាំងពីដៃគូមួយចំនួនទៀតដូចជា អ៉ីតាលី ប៉ូឡូញ ហុងគ្រី អូស្រ្តាលីផងដែរ ដែលពេលនេះកម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងស្តុកជាង១២លានដូស។

សម្តេចបញ្ជាក់បន្ថែមថា «ខ្មែរយើងចូលដល់ដំណាក់កាលដែលគេហៅថា អ្នកសុំទានមានលុយហើយ»