-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Monday, May 30, 2022

ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តសម្រាប់អនុវត្តនៅក្នុងខែមិថុនា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តសម្រាប់អនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំកងយោពលខេមរភូមិន្ទជាច្រើនផងដែរ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តតួនា ភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។


លោកបានអះអាងថា សម្រាប់សភាពការណ៍នៅតាមតំបន់ព្រំដែន គឺមានសភាពស្ងប់ស្ងាត់ ពុំមានអ្វីជាគួរឲ្យកត់សម្គាល់។ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ដោយធ្វើការល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី។


សម្រាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស លោកបានបញ្ជាក់ថា គឺមានភាពល្អប្រសើរ។ កងយោធពលខមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តរជាតិ និងជុំវិញយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ទន្ទឹមនោះ ក៏បានបន្តសហការជាមួយបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា គោរព និងអនុវត្តបទបញ្ជា បង្ក្រាបសកម្មភាពទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសកម្មភាពគេចពន្ធ ទទួលបាននូវលទ្ធផលល្អ។

ក្រៅពីនោះ កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្ដុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈ បច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់ សុខុមាលភាពកងទ័ព និងគ្រួសារ ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗក្នុងកងទ័ព ការងារគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ការចូលរួមចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ។

សម្រាប់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេស ពិសេសប្រទេសដៃគូវិញ គឺទទួលបាន លទ្ធផលល្អ។ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ក្រសួងការពារជាតិ បានរៀបចំនិងដឹកនាំកិច្ចប្រជុំចំនួន៦ ពិសេសកិច្ចប្រជុំឧត្តមមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក បាន ដំណើរការដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា។ ទន្ទឹមនេះ ក៏បានបន្តការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខ ផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។

លោកបានបន្តថា៖ ការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទបានបន្ត រក្សានូវស្នាដៃមុខជំនាញនីមួយៗដែលមានការទទួលស្គាល់ពីមន្រ្តី UN នានា នៅក្នុងតំបន់បេសកកម្ម។ ពាក់ព័ន្ធការងារប្រវត្តិសាស្ត្រយោធា បានបន្តខិតខំស្រាវជ្រាវឯកសារប្រវត្តិសាស្ត្របន្ថែមទៀតដើម្បី យកមកតាក់តែងរៀបចំខ្លឹមសារ និងរៀបចំតំបន់ប្រវត្តិសាស្ត្រនានា៕