-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Monday, June 20, 2022

ព្រឹកថ្ងៃនេះនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះគឺជារយៈពេល៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

កម្ពុជា និងវៀតណាមរួមគ្នាប្រារព្ធពិធីដ៏មហោឡារិក ដើម្បីអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី ៤៥ឆ្នាំមុននេះ។ ពិធីនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ។

ក្រៅតែពីការអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូរំដោះជាតិកាលពី៤៥ឆ្នាំមុនហើយនោះ ក្នុងពិធីថ្ងៃស្អែកនេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន ដែលត្រូវបានសាងសង់នៅតំបន់ប្រវត្តិសាស្ត្រចំណុចផ្តើមនៃការស្រោចស្រង់ជាតិចេញពីរបបប្រល័យពូជសាសន៍នេះផងដែរ។

សមិទ្ធផលដែលបានសាងសង់ និងសម្ពោធនេះរួមមាន៖ អគារវេទិកាអចិន្ត្រៃយ៍ទំហំ ៦.១ម៉ែត្រ គុណ ៤៧ម៉ែត្រ ចំនួន ១ខ្នង, សាងសង់ទីលានបាល់ទាត់លើដីទំហំ ៦៨ម៉ែត្រ គុណ ១០៦ម៉ែត្រ, ជីកស្រះមួយមានទំហំ ៧០ម៉ែត្រ គុណ ៧០ម៉ែត្រ ជម្រៅជាង ១០ម៉ែត្រ ដោយមានចម្លាក់រូបនាគពីថ្មភក់ព័ទ្ធជុំវិញ, សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាងសង់សាលាដំណាក់ទំហំ ៦.១ម៉ែត្រ គុណ ១៩.៦ម៉ែត្រ ចំនួន ១ខ្នង កម្ពស់ ១ជាន់, សាងសង់អគារមិត្តភាព ១ខ្នង កម្ពស់ ១ជាន់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភាបច្ចេកទេស LED និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

ក្រៅតែពីសមិទ្ធផលនៅតំបន់ X16 ហើយនោះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សារមន្ទីរកោះថ្មទំហំ ៧ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីតម្កល់ឯកសារវត្ថុតាង នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែមទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជារយៈពេលគម្រប់៤៥ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។

ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសម្តេចតេជោ ហ៊ុន សែន បានបែរមុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ៥ខែដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា? ជាពិសេសនឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពីឪពុកម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះតែដើម្បីការសិក្សា លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាតឆ្ងាយពីទឹកដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៥ឆ្នាំមុននោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។

មានសំណួរជាច្រើនបានចោទសួរថា បើគ្មានការលះបង់ទាំងអស់នោះទេ តើជាតិ និងប្រជាជនកម្ពុជា នឹងត្រូវទៅជាយ៉ាងណា ហើយអាចនឹងទទួលបានការរស់រៀន មានសិទ្ធិសេរី ដូចពេលបច្ចុប្បន្នដែរឬទេ បើលើពិភពលោកនាពេលនោះទាំងអង្គការសហប្រជាជាតិ និងអាមេរិកផងបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយមើលមិនឃើញពីទង្វើសម្លាប់រង្គាលដ៏ព្រៃផ្សៃរបស់ពួកគេ?

ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិ នាំគ្នាងើបប៉ះបោររំដោះជាតិឡើងទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យរបស់ ប៉ុល ពត នោះឡើយ។

ជាមួយនឹងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការរំដោះជាតិនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវប្រវត្តិសង្ខេប នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៖

ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនានា នឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។

ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំងខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខ គឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាដោយបង្ហូរទឹកភ្នែកក្តុកក្តួលឥតឧបមា ហើយនិយាយក្នុងចិត្តថា «អាយុ ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតករ»។

វេលាម៉ោង ០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នា ក៏បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទានឡើយ។

សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារ ការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាម ជឿ ហើយសុខចិត្តជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយ កម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ? ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយាដែលមានផ្ទៃពោះ ៥ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។

នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើម យកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួម ក្នុងកងកម្លាំងប្រដាប់អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅមានភ្លៀងតិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឲ្យចំ ដោយពុំមានត្រីវិស័យ ដូចនេះត្រូវរង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨៖០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើត ជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់វៀតណាម។

ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត ៦គីឡូម៉ែត្រ វេលាម៉ោង១១៖០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយ ក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុងដៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។

ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ។

វេលាម៉ោង១៤៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏បានឲ្យក្រុមសមមិត្តរង់ចាំនៅទៅនោះសិន។ បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយផងដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។

ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមេនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេភាគីវៀតណាមក៏បានដាំបាយឆ្នាំលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង ១៦៖០០នាទី ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបានគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង១៦៖៤៥នាទី។

ជនកម្ពុជាទាំង ៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង ១៧៖១៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង១៨៖០០នាទី។

ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។

នោះគឺជាពេលវេលា ដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមកជាមួយ ដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។

ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បានចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអូស។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ ហើយមិនមែនជាក្រុមដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។

ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត...៕

ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត...៕